ព័ត៌មាន

Huawei រំពឹងថានឹងនាំចេញស្មាតហ្វូន ២៥០ លានគ្រឿង និងស្មាតហ្វូន Mate 30 series ចំនួន ១០ លានគ្រឿងនៅឆ្នាំនេះ

នៅថ្ងៃទី ២៣ ខែតុលានេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei ប្រកាសថា ខ្លួនបានធ្វើការនាំចេញស្មាតហ្វូនបានចំនួន ២០០ លានគ្រឿងហើយ ហើយក្រុមហ៊ុននេះព្យាករណ៍ថា ការលក់នឹងមានការកើនឡើងដល់ទៅ ២៥០ លានគ្រឿងនៅឆ្នាំនេះ។ លោក Kevin Ho ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Huawei CBG និយាយនៅក្នុងបទសម្ភាសន៍មួយថា ការលក់ស្មាតហ្វូន Huawei Mate 30 series ទាំង 4G និង 5G គឺនឹងឈានដល់ទៅ ១០ លានគ្រឿងនៅឆ្នាំនេះផងដែរ។

នៅក្នុងលទ្ធផលនៃអាជីវកម្មរបស់ក្រុមហ៊ុននេះសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Huawei ប្រកាសថា ការនាំចេញស្មាតហ្វូននេះសម្រាប់ ៣ ត្រីមាសដំបូងនេះនៅក្នុងឆ្នាំ ២០១៩ នេះគឺមានការនាំចេញចំនួន ១៨៥ លានគ្រឿងដែលមានការកើនឡើង ២៦%​។​តាមការបញ្ជាក់របស់ Huawei គិតនៅត្រឹមថ្ងៃទី ២២ ខែតុលានេះ ក្រុមហ៊ុន Huawei នាំចេញស្មាតហ្វូនបានដល់ទៅ ២០០ លានគ្រឿងដែលលឿនជាងការនាំចេញនៅក្នុងឆ្នាំ ២០១៨ ដល់ទៅ ៦៤ ថ្ងៃ។

បន្ថែមពីនេះទៀតនោះ លោក Kevin រំពឹងថា ការនាំចេញសរុបរបស់ស្មាតហ្វូន Huawei នឹងឈានដល់ទៅ ២៤០ ទៅ ២៥០ លានគ្រឿងនៅក្នុងឆ្នាំនេះ៕

image

image