ព័ត៌មាន

Hydra ទីផ្សារងងឹតធំបំផុតរបស់ពិភពលោកត្រូវបានបិទ និងរឹបអូស

អាជ្ញាធរបានធ្វើការរឹបអូសទៅលើហេដ្ឋារចនាសម្ព័ន្ធនៃទីផ្សារងងឹតដ៏ល្បីល្បាញដែលមានការជួញដូរទៅលើរូបិយប័ណ្ណគ្រីបតូរបស់ក្រុមហ៊ុន Garantex ។ អាជ្ញាធររបស់ប្រទេសអាល្លឺម៉ង់ប្រកាសអំពីការរឹបអូសទៅលើហេដ្ឋារចនាសម្ព័ន្ធ server របស់Hydra និងបិទទីផ្សារងងឹតមួយនេះ។ បន្ថែមពីនេះទៀតនោះ អាជ្ញាធរក៏បានធ្វើការរឹបអូសនូវ Bitcoin ដែលមានតម្លៃដល់ទៅ 23 លានដុល្លារអាមេរិកពីទីផ្សារងងឹតនេះផងដែរ។

image

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយនឹងសហរដ្ឋអាមេរិក និងទីភ្នាក់ងារអនុវត្តន៍ច្បាប់របស់អ៊ឺរ៉ុប។ អាជ្ញាធរអះអាងថា ការរឹបអូសនេះនឹងផ្ញើរនូវសារមួយទៅកាន់ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតថាវាមិនមានសុវត្ថិភាពនោះទេសម្រាប់ពួកគេក្នុងការលាក់ខ្លួននោះ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet L. Yellen បាននិយាយថា “ការគំរាមកំហែងជាសកលនៃឧក្រិដ្ឋកម្មសាយប័រ និងការចែកចាយមេរោគ ransomware គឺចេញពីប្រទេសរុស្សី ហើយសមត្ថភាពនៃមេដឹកនាំទៅលើឧក្រិដ្ឋកម្មនេះគឺជាការព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិក។ សកម្មភាពរបស់យើងគឺជាការផ្ញើរសារទៅកាន់ក្រុមឧក្រិដ្ឋជនអោយបានដឹងថា អ្នកមិនអាចលាក់ខ្លួននៅក្នុងទីងងឹតបាននោះទេ ហើយអ្នកមិនអាចលាក់ខ្លួននៅក្នុងប្រទេសរុស្សី ឬកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។”

យោងតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) Hydra មានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ដែលព្យាយាមលាក់អត្តសញ្ញាណរបស់ពួកគេជាមួយនឹងការផ្ទេរប្រាក់។ អ្នកលក់នៅលើទីផ្សារងងឹតនេះធ្វើការលាងប្រាក់កង្វក់ជាមួយនឹងសេវាកម្មដែលមានឈ្មោះហៅថា “cash-out” ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់នៅលើ Hydra ធ្វើការបម្លែងនូវ bitcoin (BTC) របស់ពួកគេទៅជាទម្រង់រូបិយប័ណ្ណផ្សេងទៀត៕