សុវត្ថិភាព

ក្រុមហ៊ុន EasyPark រងការបំពានទិន្នន័យដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់

ក្រុមហ៊ុន EasyPark ទើបតែជូនដំណឹងមួយនៅលើវេបសាយរបស់ខ្លួនអំពីការព្រមាននៃការបំពានទៅលើទិន្នន័យដែលក្រុមហ៊ុននេះរកឃើញនៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2023 ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់។EasyPark  គឺជាក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតដែលបង្កើតនូវកម្មវិធី mobile / web apps ដែលបំរើទៅលើការងារផ្នែកចំណត និងកន្លែងសាកថ្មរថយន្តអគ្គិសនី (EV) ។

ក្រុមហ៊ុននេះប្រតិបត្តិទៅលើសេវាកម្មចំណតឌីជីថលនេះនៅក្នុងប្រទេសច្រើនជាង 20 និងទីក្រុងច្រើនជាង 4,000 ដែលភាគច្រើននៅក្នុងអ៊ឺរ៉ុប សហរដ្ឋអាមេរិក អូស្រា្តលី នូវែលសេឡង់ និងចក្រភពអង់គ្លេស។ កម្មវិធី EasyPark app (Europe) គឺមានការដោនឡូតច្រើនជាង 10 លាននៅលើ Google Play ខណៈពេលដែលកម្មវិធីជាច្រើនទៀតដូចជា RingGo (UK)​និង ParkMobile (US) មានអ្នកតម្លើងច្រើនជាង 5 លានដងក្នុងមួយកម្មវិធី។

ParkMobile  រកឃើញនូវការបែកធ្លាយទិន្នន័យនៅក្នុងឆ្នាំ 2021 ដែលមានការលួចទិន្នន័យរបស់អតិថិជនច្រើនជាង 21 លាននាក់។ ទិន្នន័យនេះអាចទាញយកបានចេញពីវេទិកាហេគ (hacking forum) ។ បើទោះបីជាអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបដិសេធមិនផ្តល់នូវព័ត៌មានលម្អិតនៃការបែកធ្លាយ និងចំនួនអតិថិជនដែលរងគ្រោះនៅក្នុងការបែកធ្លាយទិន្នន័យនេះ មួយផ្នែកធំនៅអ៊ឺរ៉ុបគឺរងនូវផលប៉ះពាល់ខ្លាំងជាងគេ។

ទិន្នន័យបែកធ្លាយនេះមានដូចជាឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋានផ្ទះ អាសយដ្ឋានអ៊ីម៉ែល និងលេខកូដ credit card / debit card ឬលេខ IBAN ថែមទៀត។ នៅក្នុងពេលនេះ សេវាកម្មជាច្រើនរបស់ក្រុមហ៊ុននេះគឺនៅតែអាចដំណើរការបានធម្មតា ខណៈពេលដែលក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុន EasyPark បានអនុវត្តន៍នូវវិធានសុវត្ថិភាព និងឯកជនភាពជាច្រើនផងដែរ។ អាជ្ញាធរការពារទិន្នន័យនៅក្នុងប្រទេសស៊ុយអែត ចក្រភពអង់គ្លេស និងនូវែលសេឡង់ក៏បានជូនដំណឹងអំពីការបំពានទៅលើទិន្នន័យនេះទៅកាន់អ្នកប្រើប្រាស់កម្មវីធីនេះអោយមានការប្រុងប្រយ័ត្ន៕

https://www.bleepingcomputer.com/news/security/easypark-discloses-data-breach-that-may-impact-millions-of-users/