ទូរស័ព្ទសាមសុង ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជាប្រភេទទូរស័ព្ទដ៏ទំនើបល្អប្លែកដែលក្រុមហ៊ុនសាមសុងបានលក់ចេញលើសពី 50 លានគ្រឿងក្នុងចន្លោះឆ្នាំ 2011 និង 2013 ហើយពីមួយជំនាន់ទៅមួយជំនាន់ទូរស័ព្ទសាមសុង Galaxy Note កាន់តែមានសន្ទុះក្នុងការវិវត្តន៍ដ៏អស្ចារ្យ។
ការវិវត្តន៍នេះបានចាប់ផ្តើមទ្បើងតាំងពីខែកញ្ញា ឆ្នាំ 2011 ដោយក្រុមហ៊ុនសាមសុងបានចេញលក់ទូរស័ព្ទសាមសុង Galaxy Note ដែលជាទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដំបូងបំផុតដែលបំពាក់នូវប៊ិច S Pen ដ៏វ័យឆ្លាត ហើយភាពជោគជ័យនៃទូរស័ព្ទនេះបានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមស្គាល់ទូរស័ព្ទសាមសុងត្រកូល Galaxy Note។
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុនសាមសុងក៏បានបង្ហាញមុខមាត់ថ្មីរបស់ទូរស័ព្ទសាមសុង Galaxy Note II ដែលបានកែច្នៃចំណុចខ្សោយខ្លះៗដូចជា ប៊ិច S Pen កាមេរ៉ា និងប្រព័ន្ធទំនាក់ទំនងដើម្បីឲ្យមានភាពល្អប្រសើរជាងមុន។
ទោះបីបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះកំពុងមានសន្ទុះយ៉ាងណាក៏ដោយ ទូរស័ព្ទសាមសុង Galaxy Note III ដែលត្រូវបានផលិតក្នុងឆ្នាំ 2013 នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានយូរ ដោយសារតែវាជាទូរស័ព្ទស៊េរី Galaxy Note ដំបូងបង្អស់ដែលបំពាក់នូវអេក្រង់ប្រភេទ Super AMOLED ដែលមានទំហំដល់ទៅ 5.7 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។
គំនិតច្នៃប្រឌិតលើការរចនារូបរាងទូរស័ព្ទរបស់ក្រុមហ៊ុនសាមសុង កាន់តែមានភាពទំនើប ជឿនលឿន ដែលធ្វើឲ្យពួកគេអាចផលិតទូរស័ព្ទសាមសុង Galaxy Note 4 បានយ៉ាងស្អាត រលើបរលោង ព័ទ្ធទៅដោយស៊ុមលោហៈជុំវិញគួរអោយទាក់ទាញ និងទូរស័ព្ទសាមសុង Galaxy Note Edge ដែលមានអេក្រង់ហៀរមកគែមចំហៀងពិសេស ខុសប្លែកពីស្មាតហ្វូនដទៃទៀត។
ជិតមួយឆ្នាំហើយ ទូរស័ព្ទសាមសុង Galaxy Note 5 បានបង្ហាញរូបរាងស្តើង រលើបរលោង ដែលបំពាក់ទៅដោយអេក្រង់ដ៏ធំ កាមេរ៉ាភ្លឺច្បាស់ល្អ និងថ្មកាន់បានយូរ ដែលក្រុមហ៊ុនសាមសុងមិន ធ្លាប់ផលិតពីមុនមក ហើយក្នុងពេលឆាប់ៗនេះដែរ ក្រុមហ៊ុនសាមសុងនឹងដាក់បង្ហាញទូរស័ព្ទសាមសុង Galaxy Note ថ្មីទំនើប ដែលជាបច្ចេកវិទ្យាដ៏កំពូលរបស់ទូរស័ព្ទត្រកូល Galaxy Note។
បើតាមវេបសាយ pcadvisor.co.uk បានឲ្យដឹងថា៖ «សាមសុងត្រូវបានគេដឹងថា នឹងប្រកាសជាផ្លូវការនូវទូរស័ព្ទ Galaxy Note 7 និងរំលងទូរស័ព្ទ Galaxy Note 6 ដើម្បីទាន់ជាមួយស៊េរីត្រកូល S របស់ខ្លួន ដែលបានលក់ចេញជាផ្លូវការ កាលពីដើមឆ្នាំ 2016 កន្លងទៅ។»
វេបសាយ bgr.com បានបញ្ជាក់ថា តាមរយៈការបែកធ្លាយថ្មីៗនេះសាមសុង Galaxy Note 7 អាចនឹងមានលក្ខណៈពិសេសថ្មី ខុសប្លែកពីទូរស័ព្ទដទៃៗទៀតលើទីផ្សារ ដោយសារតែទូរស័ព្ទនេះភ្ជាប់ជាមួយ នូវ iris scanner ក្នុងការស្កេនប្រស្រីភ្នែកដើម្បីដោះសោរដ៏ទំនើប ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងប្រព័ន្ធ IP68 ដែលការពារធូលីដី មិនជ្រាបទឹកបានយ៉ាងល្អ ព្រមទាំងបច្ចេកវិទ្យាថ្មី TouchWix interface ដ៏កំពូលរបស់ Android ។
ទោះបីជាយ៉ាងណានៅថ្ងៃទី 02 ខែសីហា នាពេលខាងមុខនេះ ការពិតនឹងបង្ហាញថាតើទូរស័ព្ទសាមសុង ត្រកូល Galaxy Note ចុងក្រោយនេះពិតជាកំពូលស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិពិសេស ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយខុសពីត្រកូល Galaxy Note រៀមច្បងមុនៗ និងអស្ចារ្យជាង ស្មាតហ្វូនដទៃទៀត ដូចដែលគេហរទំព័រជាតិ និងអន្តរជាតិ យ៉ាងច្រើនលើសលប់បានធ្វើ ការទស្សន៍ទាយដែរ ឬយ៉ាងណា។
ឯកសារយោង៖