យើងសង្កេតឃើញមានតែក្រុមហ៊ុនពីរប៉ុណ្ណោះដែលបានផលិតនិងដាក់លក់ទូរស័ព្ទទំនើបដែលមានអេក្រង់កោង ។ ក្រុមហ៊ុនទាំងពីរនោះគឺ Samsung និង LG ។ Samsung បានបញ្ចេញ Galaxy Round រីឯ LG វិញបានចេញទូរស័ព្ទទំនើប G Flex ហើយអ្វីដែលប្រិយមិត្តភាគច្រើនមានការភ្ញាក់ផ្អើលគឺទូរស័ព្ទទំនើបអេក្រង់កោងទាំងពីរមានតម្លៃថ្លៃជាងទូរស័ព្ទទំនើបអេក្រង់ធម្មតារបស់ក្រុមហ៊ុនផលិតទាំងពីរនិងថ្លៃជាង iPhones របស់ Apple ទៅទៀត ។
ពេលថ្មីៗនេះប្រភពពី Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple កំពុងតែធ្វើការអភិវឌ្ឍន៍លើគម្រោងផលិតទូរស័ព្ទទំនើបដែលមានអេក្រង់កោងចំនួនពីរម៉ូដែលផ្សេងគ្នាគឺ មួយអេក្រង់ទំហំ 4.7-inch និងមួយម៉ូដែលទៀតមានអេក្រង់ទំហំ 5.5-inch ។ ប្រភពដដែលបានឲ្យដឹងទៀតថា touch sensor នៃអេក្រង់ថ្មីនោះនឹងមានសមត្ថភាពល្អជាងមុនៗទៅទៀត ហើយក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរស័ព្ទទំនើបទាំងពីរនៅក្នុងត្រីមាសទី៣នៃឆ្នាំ២០១៤ ។ សូមរលឹកបន្តិចដែរថាធ្លាប់មានសេចក្ដីរាយការណ៍មួយចំនួនមកហើយដែលថាក្រុមហ៊ុន Apple កំពុងតែធ្វើការលើគម្រោងផលិតទូរស័ព្ទទំនើបដែលមានអេក្រង់ធំៗនោះ ។
សូមបញ្ជាក់ថាទាំងនេះជាព័ត៌មានដែល Bloomberg, Wall Street Journal និង Reuters ជាដើមទទួលបានមកពីប្រភពចចាមអារ៉ាមមួយចំនួន តែទោះបីជាក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់ជាផ្លូវការនូវគម្រោងនេះក្ដីក៏គេនៅតែជឿថាទូរស័ព្ទទំនើបអេក្រង់ធំៗរបស់ Apple នឹងត្រូវបញ្ចេញនៅក្នុងឆ្នាំ២០១៤ ខាងមុខនេះ ព្រោះថាប្រភពទាំងនេះសុទ្ធសឹងតែជាប្រភពដែលល្បីនិងជាទីទុកចិត្ត ។