ព័ត៌មាន

កុំភ្លេចទស្សនាព្រឹត្តិការណ៍សម្ភោធន៍ស្មាតហ្វូន NOKIA ស៊េរីថ្មីដ៏អស្ចារ្យរបស់ក្រុមហ៊ុន​ HMD នៅឌូបៃស្អែកនេះ!

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ត្រៀមខ្លួនក្នុងការប្រារព្ធនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ខ្លួន #ExceptMore Event ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកទី ៥ ខែធ្នូ ឆ្នាំ ២០១៨ នេះនៅក្នុងទីក្រុងឌូបៃដែលជាទីកន្លែងក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួន។ វាមានការទស្សន៍ទាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia 8.1 ដែលជាប្រភេទ​ Global Version របស់ Nokia X7 នោះ។

 image

ពេលនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏បង្ហោះនូវតំណរសម្រាប់ធ្វើការទស្សនានូវមហាព្រឹត្តិការណ៍មួយនេះដែលធ្វើការផ្សាយផ្ទាល់ចេញពីទីក្រុងឌូបៃតែម្តង។ អ្នកគាំទ្ររបស់ស្មាតហ្វូន NOKIA អាចធ្វើការទស្សនាព្រឹត្តិការណ៍មួយនេះតាមរយៈ YouTube Channel ផ្លូវការរបស់ក្រុមហ៊ុនដែលមានឈ្មោះថា NOKIA Mobile ។

ព្រឹត្តិការណ៍នេះនឹងធ្វើការសម្ភោធន៍នៅវេលាម៉ោង ៨: ៣០ នាទីយប់នៅថ្ងៃទី ៥ ខែធ្នូ ស្អែកនេះ! យើងប្រហែលជាអាចអាចឃើញមានវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 8.1 ដោយសារតែស្មាតហ្វូននេះមានការបែកធ្លាយនៅលើទីផ្សារជាបន្តបន្ទាប់រហូតមកទល់ពេលនេះផងដែរ។ កាលពីពេលមុននេះ វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Nokia 9 ក៏នឹងបង្ហាញខ្លួនជាផ្លូវការផងដែរ។

image

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 8.1

ស្មាតហ្វូន Nokia X7 ឬ Nokia 8.1 នេះនឹងមានអេក្រង់ទំហំ 6.18-inch  ជាមួយនឹងកម្រិតភាពច្បាស់  2246×1080 និងកម្រិតសមាមាត្រ  19:9 ratio ។ ស្មាតហ្វូននេះនឹងបំពាក់នូវថាមពលថ្ម 3400mAh ហើយវានឹងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ក្រហម ពណ៌ទឹកប្រាក់ និងពណ៌ខៀវ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងបំពាក់នូវបន្ទះឈីប Octa-core Snapdragon 710 processor  ដែលមានល្បឿន 2.2 GHz ។ ស្មាតហ្វូន Nokia X7 នឹងមានរ៉េមទំហំ 4GB/6GB RAM + 64GB/128GB ។ Nokia X7 នឹងប្រើប្រាស់នូវកាមេរ៉ាភ្លោះ Dual Camera (12+13) MP  នៅផ្នែកខាងក្រោយដែលមានការពង្រឹងមុខងារថ្មីៗជាច្រើនសម្រាប់ការថតរូបភាព និងកាមេរ៉ាខាងមុខទំហំ 20MP ផងដែរ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 9

យើងបានលឺពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូន Nokia 9 (2018)  នឹងបំពាក់នូវកាមេរ៉ាដល់ទៅ 5 គ្រាប់នៅខាងក្រោយដំបូងបំផុតនៅលើពិភពលោក ហើយស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ កាមេរ៉ា 5 គ្រាប់នេះ ឬ  Penta-Lens  គឺមានមុខងារសម្រាប់ពង្រឹងទៅលើការថតរូបភាព វីដេអូកាន់តែអស្ចារ្យ។ ស្មាតហ្វូន Nokia 9 ប្រហែលជាមានអេក្រង់ទំហំ  5.9-inch កម្រិតភាពច្បាស់ QHD 3D Glass OLED display និងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 processor ៕