ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei មានគោលដៅក្នុងការបញ្ជូនស្ថានីយ៍ 5G ចំនួន 500,000 នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ

នៅក្នុងព្រឹត្តិការណ៍ MWC Shanghai 2019 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា អាជីវកម្ម 5G របស់ខ្លួននៅមិនទាន់មានការប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះទេ ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះមានគោលដៅក្នុងការបញ្ជូនស្ថានីយ៍បច្ចេកវិទ្យា 5G ចំនួន 500,000 នៅទូទាំងពិភពលោកនៅក្នុងឆ្នាំនេះ។

កាលពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០១៩ នៅក្នុងអំឡុងនៃព្រឹត្តិការណ៍ MWC Shanghai 2019 ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញនូវបច្ចេកវិទ្យា 5G នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ហើយលោក Ryan Ding ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Carrier BG របស់ក្រុមហ៊ុន Huawei ប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ទទួលបាននូវកុងត្រាទៅលើបច្ចេកវិទ្យា 5G ចំនួន ៥០ និងការដឹកជញ្ជូនស្ថានីយ៍របស់ខ្លួនច្រើនជាង 150,000 ។

គាត់និយាយថា បច្ចេកវិទ្យា 5G នេះគឺទទួលបានសន្ទុះខ្លាំងនៅក្នុងការធ្វើពាណិជ្ជកម្មទូទាំងពិភពលោកចាប់តាំងពីឆមាសទី ១ នៅក្នុងឆ្នាំនេះ។ ប្រទេសជាច្រើននេះរួមមានកូរ៉េខាងត្បូង ចក្រភពអង់គ្លេស ស្វីស អ៊ីតាលី និងគុយវ៉ែតដែលចាប់ផ្តើមដំណើរការនូវបច្ចេកវិទ្យា 5G networks នេះ។

នៅក្នុងខែឧសភានេះ សហរដ្ឋអាមេរិកដាក់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងបញ្ជីពាណិជ្ជកម្មខ្មៅដោយសារតែមានការព្រួយបារម្ភខ្លាំងទៅលើសម្ភារៈ និងឧបករណ៍របស់ក្រុមហ៊ុន Huawei ដែលបង្ករនូវហានិភ័យដល់សន្តិសុខជាតិ។ ក្រុមហ៊ុន Huawei ធ្វើការច្រានចោលទៅលើព័ត៌មាននេះ និងសម្រេចចិត្តប្រឆាំងទៅនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកនេះ៕

 image

image