ព័ត៌មាន

ក្រុម Anonymous Cambodia វាយ​ប្រហារ​គេហទំព័រដើមអម្ពិលតែដំណើរការវិញនៅថ្ងៃនេះ

គេហទំព័រដើមអម្ពិល (www.dap-news.com) ត្រូវបានវាយប្រហារជាថ្មីទៀតហើយ ដែលការវាយប្រហារនេះ ត្រូវបានក្រុម Anonymous Cambodia ប្រកាសដោយចំហរនៅលើ ទំព័រហ្វេសប៊ុកថា ពួកគេជាអ្នកវាយប្រហារ។image

ការវាយប្រហារលើ គេហទំព័រដើមអម្ពិលពីក្រុម Hacker Anonymous Cambodia បានកើតមានឡើងកាលពី រាត្រីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ១០ និង០៣នាទី។ ការវាយប្រហារនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកម្លាំងនគរបាលកម្ពុជា បានចាប់សមាជិក Anonymous Cambodia ពីរនាក់ ពីបទវាយលុកលុយចូលទៅកាន់ គេហទំព័រស្ថាប័នរបស់រាជរដ្ឋាភិបាលមួយចំនួន។

នេះជាការវាយប្រហារជាលើកទី២ហើយ មកលើគេហទំព័រដើមអម្ពិលពីសំណាក់ក្រុម Hacker ដែលលើកទីមួយ កើតមានឡើងកាលពីចុងឆ្នាំ២០១២។
នាយកប្រតិបត្តិមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលលោក លឹម ជាវុត្ថា បានថ្លែងថា គេហទំព័រដើមអម្ពិលត្រូវបានក្រុម Hacker Anonymous Cambodia ចូលលុកលុយទៅក្នុងកន្លែងផ្ទុកទិន្នន័យ ព្រមទាំងលុបទិន្នន័យចោលទាំងអស់។

ទោះបីជាយ៉ាងណា លោក លឹម ជាវុត្ថា បានបញ្ជាក់ថា ក្រុមបច្ចេកទេសរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កំពុងព្យាយាមជួសជុលមកវិញ ហើយគេហទំព័រអាចដំណើរការ បានជាធម្មតាឡើងវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ប្រភព៖​http://www.dap-news.com/2011-06-14-02-39-55/85466–anonymous-cambodia–.html