Samsung ត្រូវបានរកឃើញថា ល្មើសប៉ាតង់ Apple ហើយត្រូវបង់ប្រាក់សំណង $119.6 លានដុល្លារ

ក្រោយពីការសួរដេញដោលអស់រយៈពេល 3 ថ្ងៃ ទីបំផុតតុលាការ San Jose បានប្រកាសសាលក្រមថា ក្រុមហ៊ុន Samsung ត្រូវបានគេរកឃើញថា បានល្មើសប៉ាតង់ចំនួន 2 ក្នុងចំណោម ប៉ាតង់ 5 ដែល Apple បានប្តឹងទារជំងឺចិត្តរហូត $2 ពាន់លានដុល្លារ។ ប៉ុន្តែបណ្តឹងតង់ទី 2 នេះអង្គចៅក្រមបានប្រកាសអោយ Samsung ផ្តល់ប្រាក់សំណង ត្រឹមតែ $119.6 លានដុល្លារប៉ុណ្ណោះ ជាចំនួនមួយ តិចបំផុត បើធៀបនឹងបណ្តឹងតង់ទី 1 កាលពីមួយឆ្នាំមុនដែល Apple ទទួលបានប្រាក់សំណងរហូត $930 លានដុល្លារ។

ក្នុងបណ្តឹងថ្មីនេះ មានអង្គចៅក្រមចំនួន 8 រូប ដែលមានសមាសភាព ប្រុស 4 នាក់ និងស្ត្រី 4 នាក់ បានរកឃើញថា Samsung បានល្មើសប៉ាតង់ 2 របស់ Apple គឺប៉ាតង់ “អូសដើម្បីដោះសោរអេក្រង់ (Slide To Unlock)” និង ប៉ាតង់ “ប្រតិកម្មតបទិន្នន័យដែលខ្លួនស្គាល់ (QuickLink)” ដូចជា ចុចលើ លីងអីម៉ែល នឹងបើកកម្មវិធីមែល។ អង្គចៅក្រមក៏បានរកឃើញផងដែរថា Apple បានល្មើសនឹងប៉ាតង់ 1 របស់ Samsung ហើយបានបង្គាប់អោយ Apple បង់ ប្រាក់សំណង ចំនួន $158,400 ទៅ Samsung វិញ។

image

បើមើលចំនួនទឹកប្រាក់សំណងនេះ នេះគឺជា ជោគជ័យ ដ៏គួរអោយខកចិត្តបំផុត សំរាប់ ក្រុមហ៊ុន Apple ហើយអ្នកអង្កេតការណ៍ យល់ឃើញថា នេះ គឺជា ការបើកដៃ អោយ ក្រុមហ៊ុនដទៃ ដូចជា Samsung បន្តផលិត ផលិតផលដែលស្រដៀងគ្នា ព្រមទាំងលួចចម្លង ស្នាដៃផ្នែកទន់ ដោយគ្រាន់តែ ចំណាយលុយបង់សំណង ដ៏តិចតួចប៉ុណ្ណោះ។

ចំណែក លោកស្រីតុលាការ Lucy Koh ដែលបានគ្រប់គ្រង ការកាត់ក្តីនេះ បានស្នើរអោយ អង្គចៅក្រម ពិចារណា ការសំរេចរបស់ខ្លួន ឡើងវិញ ព្រោះ ខ្លួនបានរកឃើញថា អង្គចៅក្រម ភ្លេច រាប់បញ្ចូល ស្មាតហ្វូន Samsung មួយម៉ូដែល ដែលបានរកឃើញថា ល្មើសប៉ាតង់ Apple បញ្ចូលទៅក្នុង ការគិតគូរប្រាក់សំណង។ ដូចនេះ Apple អាចនឹងទទួលបាន ប្រាក់សំណង ប៉ុន្មានលានដុល្លារទៀត អាទិត្យក្រោយនេះ៕
ប្រភព: ReCode

Leave a Reply

Your email address will not be published. Required fields are marked *