ព័ត៌មាន

Apple នឹង​បញ្ចេញ​ទូរស័ព្ទអេក្រង់កោង 4.7-inch និង 5.5-inch នៅ​ឆ្នាំ២០១៤?

​យើង​សង្កេត​ឃើញ​មាន​តែ​ក្រុមហ៊ុន​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ផលិត​និង​ដាក់​លក់​ទូរស័ព្ទទំនើប​ដែល​មាន​អេក្រង់កោង ។ ក្រុមហ៊ុន​ទាំង​ពីរ​នោះ​គឺ Samsung និង LG ។ Samsung បាន​បញ្ចេញ​ Galaxy Round រីឯ LG វិញ​បាន​​​ចេញ​ទូរស័ព្ទទំនើប G Flex ហើយ​អ្វី​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​គឺ​ទូរស័ព្ទទំនើប​អេក្រង់​កោង​ទាំង​ពីរ​មាន​តម្លៃ​ថ្លៃ​ជាង​ទូរស័ព្ទទំនើប​អេក្រង់​ធម្មតា​របស់ក្រុមហ៊ុន​ផលិតទាំង​ពីរនិង​ថ្លៃ​ជាង​ iPhones របស់​ Apple ទៅទៀត​ ។

 image

​ពេល​ថ្មីៗ​នេះ​ប្រភព​ពី​ Bloomberg បានរាយការណ៍​ថា​​ក្រុមហ៊ុន​ Apple កំពុង​តែ​ធ្វើការ​អភិវឌ្ឍន៍​លើគម្រោង​ផលិត​ទូរស័ព្ទទំនើប​​ដែល​មាន​អេក្រង់កោង​ចំនួន​ពីរ​ម៉ូដែល​ផ្សេង​គ្នា​គឺ​ មួយ​អេក្រង់ទំហំ 4.7-inch និងមួយ​ម៉ូដែល​ទៀត​មាន​អេក្រង់ទំហំ 5.5-inch ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​​ touch sensor នៃ​អេក្រង់​ថ្មី​នោះ​នឹង​មាន​សមត្ថភាព​ល្អ​ជាង​មុន​ៗ​ទៅទៀត ហើយ​ក្រុមហ៊ុន​ Apple អាច​នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​ទាំង​ពីរ​នៅ​ក្នុង​ត្រីមាសទី៣​នៃ​ឆ្នាំ២០១៤ ។ សូម​រលឹក​បន្តិច​ដែរថា​ធ្លាប់​មាន​សេចក្ដីរាយការណ៍​មួយ​ចំនួន​មក​ហើយ​​ដែល​ថា​ក្រុមហ៊ុន​ Apple កំពុង​តែ​ធ្វើការ​លើគម្រោង​ផលិត​ទូរស័ព្ទទំនើបដែល​មាន​អេក្រង់ធំៗ​នោះ ។

image
សូម​បញ្ជាក់ថា​ទាំង​នេះ​ជា​ព័ត៌មាន​​​ដែល​ Bloomberg, Wall Street Journal និង​ Reuters ជា​ដើម​ទទួល​បាន​​មក​ពី​ប្រភព​ចចាមអារ៉ាម​​​មួយ​ចំនួន​ តែ​ទោះ​​បី​ជា​ក្រុមហ៊ុន​ Apple មិន​​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវការ​នូវ​គម្រោង​នេះក្ដី​ក៏​​គេ​នៅ​តែ​ជឿ​ថាទូរស័ព្ទទំនើប​អេក្រង់ធំៗ​របស់ Apple នឹង​ត្រូវ​បញ្ចេញ​នៅ​ក្នុងឆ្នាំ២០១៤ ខាង​មុខនេះ​ ព្រោះ​ថា​​ប្រភព​ទាំង​នេះ​សុទ្ធសឹង​តែ​ជា​ប្រភព​ដែល​ល្បី​និង​ជា​ទីទុកចិត្ត ។