ព័ត៌មាន

ប្រទេសឥណ្ឌាហាមឃាត់ក្រុមហ៊ុន Mastercard​ មិនអោយចេញកាត Credit/ Debit សម្រាប់អតិថិជនថ្មីដោយសារតែរំលោភទៅលើច្បាប់រក្សាទុកទិន្នន័យ

ធនាគារបំរុងរបស់ប្រទេសឥណ្ឌា (RBI) បានធ្វើការហាមឃាត់ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ Mastercard Inc ក្នុងការចេញនូវកាត Credit និង Debit ទៅអោយអតិថិជនរបស់ប្រទេសឥណ្ឌាដោយសារតែក្រុមហ៊ុននេះបានរំលោភបំពានទៅលើច្បាប់នៃការរក្សាទុកទិន្នន័យ។ ធនាគារ RBI និយាយថា ក្រុមហ៊ុន Mastercard បានរំលោភបំពានទៅលើច្បាប់នៃការរក្សាទុកទិន្នន័យនៅក្នុងប្រទេសឥណ្ឌា។

image

គួរបញ្ជាក់ផងដែរថា ច្បាប់នៅក្នុងប្រទេសឥណ្ឌាតម្រូវអោយក្រុមហ៊ុនប្រតិបត្តិទៅលើកាតទាំងអស់នៅក្នុងប្រទេសត្រូវតែរក្សាទុកទិន្នន័យនៃប្រតិបត្តិការទាំងអស់នៅក្នុងតែប្រទេសឥណ្ឌាប៉ុណ្ណោះ ហើយក្រុមហ៊ុនត្រូវតែអនុញ្ញាតអោយអាជ្ញាធរអាចធ្វើការត្រួតពិនិត្យទិន្នន័យបានដោយគ្មានការគ្រោងទុកនោះទេ។

ក្រុមហ៊ុន Mastercard និយាយថា “ក្រុមហ៊ុនពិតជាមានការខកចិត្តខ្លាំងណាស់ទៅលើការហាមប្រាមរបស់ធនាគារ RBI ហើយក្រុមហ៊ុនយើងបានផ្តល់នូវទិន្នន័យ និងព័ត៌មានថ្មីៗជាទៀងទាត់ដោយអនុលោមទៅតាមបទបញ្ញត្តិរបស់ប្រទេសឥណ្ឌាទៅលើការរក្សាទុកប្រតិបត្តិការទិន្នន័យចាប់តាំងពីឆ្នាំ 2018 ។ យើងនឹងបន្តធ្វើការជាមួយនឹងធនាគារ RBI ដើម្បីផ្តល់នូវព័ត៌មានបន្ថែមទៀតដើម្បីដោះស្រាយទៅលើការព្រួយបារម្ភនេះ។” ការហាមប្រាមនេះគឺទៅលើកាត Debit និង Credit ហើយវានឹងចូលជាធរមានចាប់ពីថ្ងៃទី 22 ខែកក្កដានេះ។ យ៉ាងណាមិញ វាមិនមានការប៉ះពាល់ដល់អតិថិជនពីមុនរបស់ក្រុមហ៊ុន Mastercard នោះទេ៕