ព័ត៌មាន

TikTok ទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១ ពាន់លាននាក់នៅទូទាំងពិភពលោក

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ពេលនេះ TikTok មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១ ពាន់លាននាក់នៅទូទាំងពិភពលោកនៅរដូវក្តៅនេះ ហើយនេះគឺជាការកើនឡើង ៤៥ ភាគរយចាប់តាំងពីខែកក្កដាឆ្នាំ ២០២០ ។ ក្រុមហ៊ុននិយាយថា សហរដ្ឋអាមេរិក អឺរ៉ុប ប្រេស៊ីល និងអាស៊ីអាគ្នេយ៍គឺជាទីផ្សារធំបំផុតសម្រាប់កម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ។

image

TikTok គឺមានការកើនឡើងនៃអ្នកប្រើប្រាស់នៅជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងក៏ដោយនៅសហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតក៏ដោយ។ កាលមុន ក្រុមហ៊ុននេះនិយាយថា ខ្លួនមានអ្នកប្រើប្រាស់ទូទាំងពិភពលោកប្រមាណ ៥៥ លាននាក់គិតត្រឹមខែមករាឆ្នាំ ២០១៨ ចំនួននេះកើនឡើងដល់ជាង ២៧១ លាននាក់ត្រឹមខែធ្នូ ឆ្នាំ ២០១៨ អ្នកប្រើប្រាស់ចំនួន ៥០៨ លាននាក់នៅខែធ្នូឆ្នាំ ២០១៩ និងអ្នកប្រើប្រាស់ចំនួន ៦៨៩ លាននាក់នៅត្រឹមខែកក្កដា ឆ្នាំ ២០២០ ។

image

ក្រុមហ៊ុនហ្វេសប៊ុករាយការណ៍ថា អ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ខ្លួនមានចំនួន ២,៩ ពាន់លាននាក់គិតត្រឹមចុងខែមិថុនាឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសចុងក្រោយរបស់ខ្លួន។ កាលពីមុន TikTok និយាយថា កម្មវិធីនេះមានចំនួនទាញយកលើសពី ២ ពាន់លានដងគិតនៅត្រឹមខែសីហាឆ្នាំ ២០២០ ។ វេទិកាចែករំលែកវីដេអូនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ByteDance របស់ចិន។ គួរបញ្ជាក់ផងដែរថា TikTok ទើបតែតែងតាំងនាយកប្រតិបត្តិលោក Shouzi Chew ជនជាតិសិង្ហបុរីជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន ByteDance នៅដើមឆ្នាំនេះ៕