សុវត្ថិភាព

ការវាយប្រហារមេរោគ Rhysida ransomware ទៅលើមន្ទីរពេទ្យ Prospect Medical និងគំរាមក្នុងការលក់ទិន្នន័យរបស់អ្នកជម្ងឺ

ក្រុមចែកចាយមេរោគ Rhysida ransomware បានអះអាងទទួលខុសត្រូវទៅលើការវាយប្រហារសាយប័រទ្រង់ទ្រាយធំទៅលើមន្ទីរពេទ្យ Prospect Medical Holdings ដែលលួចបាននូវទិន្នន័យកំណត់ត្រានៃលេខសុវត្ថិភាពសង្គម ឯកសារសាជីវកម្ម និងទិន្នន័យអ្នកជម្ងឺច្រើនជាង 500,000 នាក់។ ការវាយប្រហារនេះគឺកើតឡើងនៅថ្ងៃទី 3 ខែសីហានេះ ហើយបុគ្គលិកជាច្រើនរកឃើញនូវសារទាមទារប្រាក់លោះនៅលើអេក្រង់របស់ពួកគេដែលអះអាងថា បណ្តាញ Network របស់ពួកគេត្រូវបានហេគ ហើយម៉ាស៊ីនត្រូវបានអ៊ីនគ្រីប (encrypted) ។

Prospect Medical Holdings (PMH) គឺជាមន្ទីរពេទ្យសុខាភិបាលដែលប្រតិបត្តិទៅលើមន្ទីរពេទ្យចំនួន 16 នៅក្នុងរដ្ឋ California, Connecticut, Pennsylvania និង Rhode Island និងគ្លីនិកច្រើនជាង 166 កន្លែងថែមទៀត។ ខណៈពេលដែល PMH មិនទាន់បានឆ្លើយតបទៅនឹងសំណួរអំពីឧប្បត្តិវហេតុសន្តិសុខនេះ វាមានការបញ្ជាក់យ៉ាងច្បាស់ថា Rhysida ransomware គឺស្ថិតនៅពីក្រោយការវាយប្រហារនេះ។

គួរបញ្ជាក់ផងដែរថា Rhysida គឺជាប្រតិបត្តិការ ransomware ដែលចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំ 2023 ហើយវាក៏មានការវាយប្រហារទៅលើ Chilean Army (Ejército de Chile) និងទម្លាយទិន្នន័យរបស់វាថែមទៀត។ កាលពីដើមខែនេះ ក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស (HHS) ព្រមានថា ក្រុមចែកចាយមេរោគ Rhysida គឺស្ថិតនៅពីក្រោយការវាយប្រហារទៅលើអង្គការសុខាភិបាលនេះ។ ពេលនេះ ក្រុមចែកចាយមេរោគ Rhysida ransomware នេះអះអាងអំពីការវាយប្រហារនៅលើមន្ទីរពេទ្យ Prospect Medical Holdings និងគំរាមទាមទារប្រាក់លោះទិន្នន័យនេះនៅក្នុងតម្លៃ 50 Bitcoins ឬ 1.3 លានដុល្លារអាមេរិក៕