សុវត្ថិភាព

ការវាយប្រហារសាយប័រទៅលើក្រុមហ៊ុន Nissan នៅក្នុងប្រទេសអូស្រា្តលីគឺដោយសារតែក្រុមចែកចាយមេរោគ Akira ransomware

ថ្មីៗនេះ ក្រុមចែកចាយមេរោគ Akira ransomware អះអាងថា ខ្លួនបានវាយប្រហារទៅលើបណ្តាញ network នៃក្រុមហ៊ុន Nissan នៃប្រទេសអូស្រា្តលី។ ក្រុមចែកចាយមេរោគ Akira និយាយថា ខ្លួនបានលួចយកនូវទិន្នន័យឯកសារប្រហែលជា 100GB ចេញពីប្រព័ន្ធ systems នៃក្រុមហ៊ុនផលិតរថយន្តនេះ។ ក្រុមអ្នកវាយប្រហារបានគំរាមក្នុងការទម្លាយនូវទិន្នន័យសម្ងាត់នៃអាជីវកម្ម និងទិន្នន័យរបស់អតិថិជននៅលើអនឡាញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Nissan បដិសេធមិនបង់ប្រាក់លោះនោះទេ។

ក្រុមអ្នកចែកចាយមេរោគនិយាយថា “ក្រុមហ៊ុនហាក់មិនចាប់អារម្មណ៍ទៅនឹងទិន្នន័យនោះទេ ដូចនេះយើងនឹងធ្វើការបង្ហោះ (upload) នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ អ្នកនឹងឃើញនូវឯកសារជាច្រើនជាមួយនឹងទិន្នន័យផ្ទាល់ខ្លួននៃបុគ្គលិករបស់ក្រុមហ៊ុននេះ ហើយវាក៏មានឯកសារជាច្រើនទៀតដែលមានការពាក់ព័ន្ធទៅនឹង NDAs, គម្រោង (projects) និងព័ត៌មានជាច្រើនទៀតពាក់ព័ន្ធទៅនឹងអតិថិជន និងដៃគូសហការ។”

គួរបញ្ជក់ផងដែរថា​មេរោគ Akira នេះគឺមានការឆ្លងនៅក្នុងខែមីនាឆ្នាំ 2023 ហើយវាក៏វាយប្រហារទៅលើវិស័យជាច្រើនផងដែរ។ នៅក្នុងខែមិថុនាឆ្នាំ 2023 នេះ ក្រុមចែកចាយមេរោគ Akira ransomware ចាប់ផ្តើមចែកចាយនូវមេរោគនេះដែលមានគោលដៅវាយប្រហារទៅលើម៉ាស៊ីននិម្មិត VMware ESXi virtual machines ដែលប្រើប្រាស់នៅក្នុងសហគ្រាសជាច្រើន។ គួរបញ្ជាក់ផងដែរថា នៅក្នុងការវាយប្រហារនេះ ក្រុមហេគឃ័រនេះទាមទារប្រាក់លោះចំនួន $200,000 ទៅរាប់លានដុល្លារអាមេរិកពីស្ថាប័នជាច្រើនផ្អែកទៅលើទំហំនៃស្ថាប័នរបស់ពួកគេ។

បន្ទាប់ពីរងនូវការវាយប្រហារនេះ ក្រុមហ៊ុន Nissang បានជូនដំណឹងទៅកាន់មជ្ឈមណ្ឌលសន្តិសុខសាយប័ររបស់ប្រទេសអូស្រា្តលី និងនូវែលស្សាឡង់រួមជាមួយនឹងក្រុមនិយ័តករឯកជនភាព និងក្រុមអ្នកអនុវត្តច្បាប់ផងដែរ។ ក្រុមហ៊ុន Nissan ក៏បានព្រមានទៅកាន់អតិថិជនជាច្រើនរបស់ខ្លួនអោយមើលទៅលើសកម្មភាពណាមួយដែលមិនប្រក្រតី ឬសកម្មភាពដែលគួរអោយសង្ស័យ៕