នៅក្នុងឱកាសសន្និសីទសារព័ត៌មាន Nokia X ក្រុមហ៊ុន Nokiaប្រចាំប្រទេសកម្ពុជាបានផ្តួចផ្តើមនូវគំនិតនៃការប្រកួតប្រណាំងរថយន្តជាលក្ខណៈមិត្តភាព រវាងអ្នកសារព័ត៌មានទាំងអស់នៅទីលាន Go Kart ដើម្បីរឹតចំណងមិត្តភាពនិងង្កើនភាពស្និទ្ធស្នាល។ កម្មវិធីនេះមានអ្នកស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មានដែលអញ្ជើញមកពីស្ថានីយ៍ទូរទស្សន៍ កាសែត ទស្សនាវដ្តី គេហទំព័រល្បីៗ និងតំណាងក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀត។ ការប្រកួតនេះមានលក្ខណៈជាក្រុមដែលត្រូវបានបែងចែកជា 6 ក្រុម ដែលក្រុមនិមួយៗមានសមាជិក 5 នាក់។ក្រុមនិមួយៗ ទាមទារអោយមានភាពសហការល្អ ភាពប៉ិនប្រសប់ក្នុងការប្រើថេរៈវេលាតិចជាងគេ ដើម្បីទៅដល់គោលដៅផ្តាច់ព្រ័ត្ត។ ក្រុមនិមួយៗ បានចូលរួមយ៉ាងសកម្មក្នុងការដណ្តើមយកជ័យជំនះ។
យ៉ាងណាមិញក្រុមដែលបានទទួលជ័យលាភី គឺបានទៅលើអ្នកសារព័ត៌មានមកពីស្ថានីយ៍ទូរទស្សន៍បាយ័ន ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ គេហទំព័រ Sabay និងទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា ដែលជ័យលាភីម្នាក់ៗ ទទួលបានទូរស័ព្ទ Nokia Xម្នាក់មួយគ្រឿងផងដែរ។យើងសង្កេតឃើញថាទាំងអ្នកប្រកួតទាំងអ្នកចូលរួមទស្សនាមានភាពសប្បាយរីករាយ ជាមួយនឹងបរិយាកាសស្និទស្នាល។ គួរកត់សំគាល់ផងដែរថានេះជាលើកទី៣ ហើយដែលក្រុមហ៊ុន Nokia បានរៀបចំកម្មវិធីប្រកួតលក្ខណៈជាក្រុមសំរាប់អ្នក សារព័ត៌មានលើកទី1 គឺការប្រកួតបាល់ទាត់លក្ខណៈមិត្តភាព លើកទី2 ការប្រកួតថតរូបតាមរយៈទូរស័ព្ទ Lumia 1០20 និងលើកទី3 នេះគឺការប្រកួតប្រណាំងរថយន្តនេះ។ រាល់ការប្រកួតនិមួយៗ សុទ្ធតែទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់បណ្តាអ្នកសារព័ត៌មាន៕