មួយរយៈកាលចុងក្រោយ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានសម្រុកលើទីផ្សារលើពិភពលោកបានមួយចំនែកធំ ជាមួយនឹងសមត្ថភាពគួរឱ្យស្ញប់ស្ញែងក្រោយពីបានប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានចាប់ដៃគូរថ្មីជាមួយវ៉ិបសាយក្រុមហ៊ុន Zopper ដែលជាក្រុមហ៊ុនទំនាក់ទំនងទីផ្សារធំៗផ្នែកសម្ភារៈបរិក្ខាក្នុងផ្ទះធ្វើការយ៉ាងសកម្មដើម្បីពង្រីកទីផ្សាររបស់ខ្លួន។
ថ្មីៗនេះ ក្រុមហ៊ុនបានដាក់លក់ស្មាតហ្វូនថ្មីមួយប្រភេទទៀតនៅប្រទេសឥណ្ឌាដែលត្រូវបានគេហៅថា Huawei Honor។ សម្រាប់អតិថិជនដែលបានទិញ Huawei Honor តាមរយៈ វ៉ិបសាយក្រុមហ៊ុន Zopper នឹងត្រូវបានធានាទទួលខុសត្រូវលើការខូចខាតដោយទង្គិច និងចូលទឹកក្នុងរយៈពេលមួយឆ្នាំ។
យោងតាមសេចក្តីប្រកាសរបស់លោក Allen Wang អគ្គនាយករបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសឥណ្ឌាបានឱ្យដឹងថា លោកពិតជាមានមោទនាភាពណាស់ដែលទទួលបានទីផ្សារលក់ចេញស្មាតហ្វូនត្រកូល Honor ក្នុងប្រទេសឥណ្ឌារួមមានដូចជា Honor 4X, Honor 6 Plus និង Honor 7។ នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Huawei បានចាប់ដៃលក់ផលិតផលជាមួយក្រុមហ៊ុន Zopper ដែលល្បីល្បាញក្នុងប្រទេសឥណ្ឌា ហើយក្រុមហ៊ុនសង្ឃឹមថា ទីផ្សារស្មាតហ្វូនរបស់ខ្លួនកាន់តែដុះដាលបន្ថែមទៀតក្នុងឆ្នាំ 2016។
សរុបមក សម្រាប់អតិថិជនដែលចាប់អារម្មណ៍ជាមួយស្មាតហ្វូនត្រកូល Honor ហើយទិញពីវ៉ិបសាយរបស់ក្រុមហ៊ុន Zopper នោះនឹងទទួលបានការធានាគុណភាពធ្លាក់ទង្គិច និងចូលទឹករយៈពេលមួយឆ្នាំពីក្រុមហ៊ុន។
អត្ថបទ៖ លក្ខិណា
ប្រភព៖Huawei