ព័ត៌មាន

អញ្ចឹងសោះ! បច្ចេកវិទ្យាអេក្រង់បត់របស់ក្រុមហ៊ុន Samsung ត្រូវបានគេលួច និងលក់ទៅឱ្យប្រទេសចិនក្នុងតម្លៃ 14 លានដុល្លារ

យោងតាមក្រុមព្រះរាជអាជ្ញានៅកូរ៉េខាងត្បូងបានឱ្យដឹងថា បច្ចេកវិទ្យាអេក្រង់បត់ថ្មីបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រូវបានគេលួច និងលក់ទៅឱ្យក្រុមហ៊ុនពីរនៅក្នុងប្រទេសចិន។ ការិយាល័យនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យរដ្ឋអាជ្ញាស្រុក Suwon ចោទប្រកាន់មនុស្ស 11 នាក់កាលពីថ្ងៃព្រហស្បតិ៍នេះដោយលួចព័ត៌មានសម្ងាត់ពីក្រុមហ៊ុន Samsung (SSNLF) ។

image

ក្រុមព្រះរាជអាជ្ញាចោទប្រកាន់ថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុន Samsung ធ្វើអោយបែកធ្លាយចេញនូវប្លង់នៃបន្ទះអេឡិចត្រូនិច 3D ដែលអាចបត់បែនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទៅអោយក្រុមហ៊ុនមួយដែលខ្លួនបានបង្កើតឡើង។ យោងតាមព្រះរាជអាជ្ញាបានឱ្យដឹងថា ក្រុមហ៊ុននោះបានលក់អាថ៌កំបាំងបច្ចេកវិទ្យានេះទៅឱ្យក្រុមហ៊ុនចិនក្នុងតម្លៃជិត 14 លានដុល្លារអាមេរិក។ពួកគេមិនបានប្រាប់ឈ្មោះមនុស្ស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងការលួចនោះទេ។

image

ក្រុមហ៊ុន Samsung Display ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សប្រទេសកូរ៉េខាងត្បូងនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រនេះថា វាមានការភ្ញាក់ផ្អើល និងគួរឱ្យស្ញប់ស្ញែងខ្លាំងណាស់ចំពោះលទ្ធផលនៃការស៊ើបអង្កេតដោយក្រុមព្រះរាជអាជ្ញា។ការរកឃើញនេះមកចំពេលនៃការបង្កើនការប្រកួតប្រជែងសម្រាប់បច្ចេកវិទ្យាថ្មីជាមួយនៃដៃគូប្រជែងជាច្រើនរបស់ខ្លួននោះ។

image

ព្រះរាជអាជ្ញានិយាយថាក្រុមហ៊ុន Samsung បានវិនិយោគរយៈពេល 6 ឆ្នាំ និងប្រមាណជា 150 ពាន់លានវ៉ុន (130 លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍអេក្រង់ដែលអាចបត់បាននេះ។ខណៈពេលដែលតម្រូវការទូរស័ព្ទស្មាតហ្វូនលំដាប់ខ្ពស់ចាប់ផ្តើមងាកចេញពីទីផ្សារសំខាន់ៗនោះ ក្រុមហ៊ុននានាកំពុងស្វែងរករឿងថ្មីធំៗដ៏អស្ចារ្យជាបន្ទាប់ទៀតដើម្បីបញ្ចុះបញ្ចូលអតិថិជនជាច្រើនឱ្យធ្វើការដូរស៊េរីទៅលើឧបករណ៍របស់ពួកគេ។

អេក្រង់កោងរបស់ក្រុមហ៊ុន Samsung ត្រូវបានគេចាត់ទុកជាអ្នកផ្លាស់ប្តូរដ៏មានសក្តានុពលបំផុតនៅើទីផ្សារស្មាតហ្វូន។ ក្រុមហ៊ុននេះក៏ទម្លាយនូវបច្ចេកវិទ្យាថ្មីមួយទៀតនៅឯសន្និសិទមួយកាលពីដើមខែតុលាឆ្នាំមុននេះដោយបង្ហាញរូបភាពស្មាតហ្វូនថ្មីដែលមានអេក្រង់អាចបត់បានផងដែរ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Canalys បានឱ្យដឹងថា ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេនៅលើពិភពលោកដែលស្មើនឹង 20 ភាគរយនៃចំណែកទីផ្សារពិភពលោកនៅក្នុងត្រីមាសចុងក្រោយឆ្នាំមុននេះ។

ក្រុមអ្នកស៊ើបអង្កេតមិនអាចតាមដាន និងសាកសួរជនជាតិចិនពីរនាក់ដែលត្រូវបានគេជឿថាជាប់ពាក់ព័ន្ធក្នុងករណីនេះទេ ហើយស្នើឱ្យប៉ូលិសអន្តរជាតិ Interpol ជួយរក និងឃុំខ្លួនពួកគេ។ ក្នុងចំណោមមនុស្ស 11 នាក់ដែលត្រូវបានចោទប្រកាន់ មានមនុស្ស 3 នាក់ត្រូវបានឃុំខ្លួន។កាលបរិច្ឆេទសវនាការមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕