ចាប់តាំងពីឆ្នាំ ២០១៣ មក ក្រុមហ៊ុន Nokia និង Microsoft បានសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អ្នកបង្កើតកម្មវិធីទូរស័ព្ទដៃយាងច្រេីនរហូតមកដល់ពេលនេះប្រព័ន្ធប្រតិបត្តិការ WINDOWS PHONEមានកម្មវិធីដល់ជាងពីសែន(២០០០០០)កម្មវិធី ក្នុងគោលបំណងលើកកម្ពស់បទពិសោធន៍ប្រើប្រាស់នៃស្មាតហ្វូន Nokia Lumia ជូនដល់អ្នកប្រើប្រាស់ ។ នៅកម្ពុជា កិច្ចសហការខាងលើ សម្រេចបានសមិទ្ធិផលជាច្រើនដែលមានជាអាទិ៍ ៖ កម្មវិធីវចនានុក្រមខ្មែរ-អង់គ្លេស/អង់គ្លេស-ខ្មែរ/ខ្មែរ-ខ្មែរ, កម្មវិធីចូលអានព័ត័មានខ្មែរ, វាយអក្សរខ្មែរ, អានរឿងកំប្លែងជាភាសាខ្មែរ, មើលទូរទស្សន៍ប៉ុស្តិ៍ខ្មែរ, កម្មវិធីស្តាប់វិទ្យុភាសាខ្មែរ ។ល។ កម្មវិធីសម្រាប់ប្រជាជនកម្ពុជាដ៏ច្រើនទៀត ត្រូវបានរំពឹងថានឹងដាក់បញ្ចូលទៅក្នុង Windows Phone Store ក្នុងឆ្នាំ ២០១៤ ដោយបច្ចុប្បន្ននេះ អ្នកផលិតកម្មវិធីកំពុងធ្វើតេស្តសាកល្បងលើកម្មវិធីដែលខ្លួនបានផលិតរួច។ មិនត្រឹមតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន Microsoft ក៏បាននឹងកំពុងពង្រឹងសមត្ថភាពនិស្សិតបច្ចេកវិទ្យាជាច្រើននាក់ ឲ្យមានលទ្ធភាពបង្កើតកម្មវិធីទូរស័ព្ទដៃ ហើយថែមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់បណ្តាអ្នកបង្កើតកម្មវិធីទូរស័ព្ទ អំពីឱកាសនៃការបង្កើតកម្មវិធីទូរស័ព្ទដែលអ្នកប្រើប្រាស់កម្ពុជាត្រូវការ ក៏ដូចជាឱកាសទទួលបានប្រាក់ចំណូលពីកិច្ចការនេះថែមទៀតផង ។
ជាក់ស្តែងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ នៅឱកាសតាំងពិពណ៌ Mobile App ដែលបានរៀបចំធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក ឃី ទីគា ដែលជាអ្នកផលិតកម្មវិធីទូរស័ព្ទមួយរូប បានធ្វើតេស្ត កម្មវិធីលេងអុកខ្មែរអនឡាញនៅលើស្មាតហ្វូន Nokia Lumia បង្ហាញជូនអ្នកចូលរួមទស្សនាជាច្រើន នាក់។ ការធ្វើតេស្តនេះ ប្រព្រឹត្តទៅដោយជោគជ័យ ហើយជាជំហានបន្ទាប់លោក ទីគា នឹងយកកម្មវិធីទៅដាក់បញ្ចូលក្នុង Windows Phone Store ។ ដូច្នេះអ្នកប្រើប្រាស់អាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ក្រោយពេលទាញយកបានហើយ អ្នកប្រើប្រាស់អាចចូលទៅរកដៃគូអនឡាញគ្រប់កម្រិត ឬ ណាត់មិត្តភក្តិប្រកួតយ៉ាងសប្បាយរីករាយ ។
នៅក្នុងពិធីពិពណ៌ដដែលខាងលើនេះដែរ ក៏មានបទឧទ្ទេសនាមបង្ហាញជូនអ្នកចូលរួមប្រមាណ ២០០ នាក់អំពីឱកាសនៃការបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទ Windows Phone ក៏ដូចជាឱកាសទទួលបានប្រាក់ចំណូលពីកិច្ចការនេះបន្ថែមទៀត ។
ជាការលើកទឹកចិត្តដល់អ្នកផលិតកម្មវិធីអុកអនឡាញ, ក្រុមហ៊ុន Nokia ក៏បានផ្តល់ស្មាតហ្វូន Nokia Lumia ចំនួនមួយគ្រឿងដល់លោក ឃី ទីគា និង ទូរស័ព្ទជាច្រើនគ្រឿងទៀតសម្រាប់ចាប់ឆ្នោតផ្តល់រង្វាន់ដល់បណ្តាអ្នកដែលចូលរួមស្តាប់បទឧទេ្ទសនាមអំពី Windows Phone ៕