វិទ្យាសាស្ត្រកាន់តែទំនើប ធ្វើអោយការប្រាស្រ័យទាក់ទងរវាងជាតិសាសន៍មួយ ទៅនឹងជាតិសាសន៍មួយទៀតកាន់តែមានភាពងាយស្រួលខ្ពស់។ ជាក់ស្តែង ដូចជាសេវាកម្ម Google Translate ជាដើម ដែលវាអនុញ្ញាត្តិអោយយើងបកប្រែពីភាសាមួយទៅភាសាមួយទៀតបានយ៉ាង ស្រួលបំផុត ហើយសព្វថ្ងៃនេះ ភាសាមិនតិចជាង 80 ដែរ កំពុងតែដាក់អោយយើងប្រើប្រាស់។
Word Lens គឺជាកម្មវិធីសម្រាប់ iOS និង Android ដ៏ល្បីល្បាញមួយ ដែលវាអនុញ្ញាត្តិអោយយើងបកប្រែពីភាសាមួយ ទៅភាសាមួយទៀតបាន ដោយប្រើប្រាស់កាមេរ៉ាចាប់អក្សរតែប៉ុណ្ណោះ។ កម្មវិធីនេះ នៅមិនទាន់ដំណើរការបានល្អនៅឡើយទេ ដោយសារតែវាខ្វះបច្ចេកទេសច្រើន ណាមួយទៀត វាក៏មិនអាចចាប់យកអក្សរបានច្រើនភាសាផងដែរ។
សូមអរគុណទៅដល់ Google ដែលក្រុមហ៊ុនដ៏ធំនេះ បានទិញយកស្ទូឌីយ៉ូបង្កើតកម្មវិធី Word Lens នេះទាំងមូលហើយ។ គោលបំណងដែល Google ទិញយកស្ទីឌីយ៉ូ Quest Visual’s Technology នេះ គឺដើម្បីបង្កើនសមត្ថភាពរបស់កម្មវិធី Word Lens បកប្រែដ៏ពិសេសមួយ ដែលអនុញ្ញាត្តិអោយយើងបកប្រែភាសាផ្សេងៗ ដោយប្រើកាមេរ៉ាបាន។ កម្មវិធី Word Lens គឺនៅតែមានឈ្មោះដូចដើម មិនផ្លាស់ប្តូរអ្វីឡើយ ប៉ុន្តែ Google នឹងបន្ថែមកញ្ចប់ភាសាជាច្រើនទៀតក្នុងពេលឆាប់ៗនេះ ដែលអ្នកអាចដោនឡូដបានដោយឥតគិតថ្លៃឡើយ។
កម្មវិធី Word Lens នេះ ធ្លាប់បានសហការជាមួយ Google ម្តងរួចទៅហើយ ក្នុងការបង្កើត Google Glass ពោលអ្នកពាក់វ៉ែនតានេះ អាចបញ្ជាអោយវាបកប្រែពីអក្សរផ្សេងៗដែលនៅចំពោះមុខ ហើយលើកនេះ Google ចង់នាំយកបច្ចេកវិទ្យានេះ មកប្រើលើ ស្មាតហ្វូន និងថេប្លេតម្តង។
សរុបសេចក្តីមក នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកដែលឧស្សាហ៍ដើរកំសាន្ត រឺក៏សិក្សាអ្វីផ្សេងៗ ព្រោះអីយើងកាន់តែមានភាពងាយស្រួលជាងមុន ក្នុងការបកប្រែពីភាសាមួយទៅភាសាមួយ។ ដោយឡែក ភាសាខ្មែរយើងវិញ ប្រហែលជាមិនទាន់មាននៅឡើយទេ ហើយអាចនឹងត្រូវចាំប្រមាណ មួយឆ្នាំ ឬក៏ពីរឆ្នាំទៀតឯណោះ។
ប្រសិនបើអ្នកចង់សាកល្បងប្រើកម្មវិធី Word Lens ដែលអាចបកប្រែភាសាអ្វីផ្សេងៗបាន ដោយប្រើកាមេរ៉ានេះ លោកអ្នកអាចដោនឡូដបានដោយឥតគិតថ្លៃឡើយ ទាំងនៅលើប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS។