Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 គម្រោង Smashed Project ពង្រឹងស្មារតីសិស្សានុសិស្សខ្មែរអំពីផលប៉ះពាល់នៃការពិសាគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ

November 26
03:17 pm 2018
Like and Share this page:

របាយការណ៍ថ្មីៗអំពីកម្មវិធី «Smashed Project» ដែលបានឧបត្ថម្ភដោយអង្គការ APIWSA បានបង្ហាញពីភាពជោគជ័យដ៏ល្អប្រសើរ ដោយបានជួយពង្រឹងស្មារី និងអប់រំសិស្សានុសិស្សឲ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់អវិជ្ជមាននៃការពិសាគ្រឿងស្រវឹង

នៅខាងមុខបន្ទប់រៀន គេសង្កេតឃើញមានការសម្តែងមួយដោយតួអង្គដើរតួក្នុងឈុតជាច្រើនបង្កប់ដោយភាពទុក្ខព្រួយ និងឈឺចាប់ ដូចអ្វីដែលកើតទ្បើងជាក់ស្តែង។ ឈុតឆាកទាំងនេះបង្ហាញអំពីតួអង្គ ឬមនុស្សជាទីស្រទ្បាញ់របស់គេបើកបរយានជំនិះក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍យ៉ាងអាណោចអាធ័ម។ បន្ទាប់មកការសម្តែងនេះបានឆ្លុះបញ្ចាំងពីជីវិតពិត ដោយដាក់បង្ហាញទស្សនិកជនវ័យក្មេងទទួលស្គាល់ថាខ្លួនអាចនឹងជួបគ្រោះអវិជ្ជមានបែបនេះ ដែលបង្កដោយការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

 image

ដោយបានឧបត្តម្ភដោយអង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ដែលជាផ្នែកមួយនៃយុទ្ធនាការ DrinkSafe4KH ការដាក់ផ្សាយនេះត្រូវបានអនុវត្តដោយគម្រោង «Smashed Project» នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីល្ខោនអប់រំក្នុងគោលបំណងដាស់តឿនដល់យុវជនអំពីគ្រោះថ្នាក់នៃការពិសាគ្រឿងស្រវឹងដោយមិនទាន់គ្រប់អាយុ និងខ្វះទំនួលខុសត្រូវ។

 image

កម្មវិធីអប់រំដែលមានដើមកំណើតនៅចក្រភពអង់គ្លេសមួយនេះ ឥឡូវនេះកំពុងត្រូវបានអនុវត្តនៅក្នុង ១៥ ប្រទេស ដោយប្រើប្រាស់វិធីសាស្ត្រវាយតម្លៃបន្ទាប់ពីសិក្ខាសាលាអន្តរកម្មនីមួយៗ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃគម្រោង «Smashed Project» នៅតាមតំបន់ណាមួយ។ យោងតាមការស្ទង់មតិដ៏ធំមួយដែលបានធ្វើឡើងក្នុងចំណោមសិស្សានុសិស្សកម្ពុជាដែលបានមើលការសម្តែង និងបានចូលរួមក្នុងកម្មវិធីនេះ គម្រោង «Smashed Project» ដែលបានចាប់ផ្តើមនៅក្នុង ខែមេសា ឆ្នាំ២០១៨ និងបានដាក់ទស្សនាជូនសិស្សចំនួន ៦.០២១ នាក់រហូតដល់សព្វថ្ងៃនេះ បានបង្ហាញរួចទៅហើយថាមានប្រសិទ្ធិភាពក្នុងការអប់រំ និងដាស់តឿនសិស្សានុសិស្សខ្មែរគ្រប់រូបឲ្យយល់ដឹងអំពីឥរិយាបថអវិជ្ជមាននៃការពិសាគ្រឿងស្រវឹងដោយខ្វះការទំនួលខុសត្រូវ។

 image

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់នៃគម្រោង Smashed មានចំនួនសិស្សដល់ទៅ ៣៣% បាននិយាយដោយមានភាពជឿជាក់ថាពួកគេបានយល់ដឹងយ៉ាងច្រើនអំពីគ្រោះថ្នាក់នៃពិសាគ្រឿងស្រវឹងនៅវ័យក្មេងហើយ ១៥% ទៀតបាននិយាយថាពួកគេមានទំនុកចិត្តថាពួកគេនឹងបង្កើនភាពប្រុងប្រយ័ត្នអំពីការពិសាគ្រឿងស្រវឹង។ការយល់ដឹងរបស់សិស្សានុសិស្សអំពីគ្រោះថ្នាក់ និងហានិភ័យសំខាន់ៗ ដែលទាក់ទងនឹងការពិសាគ្រឿងស្រវឹងហួសកំណត់ បានកើនទ្បើង ១៤% បន្ទាប់ពីកម្មវិធី ហើយមានការកើនឡើងចំនួន ២៦% នៃចំនួនសិស្សដែលយល់ពីអត្ថន័យ និងផលប៉ះពាល់ដែលអាចជះឥទ្ធិពលដោយ «សម្ពាធមិត្តភក្តិ»។

.image

ការស្ទាបស្ទង់មតិបានបង្ហាញថាសិស្សានុសិស្សបានយល់ដឹងពីផលប៉ះពាល់នៃគ្រឿងស្រវឹង ដែលកើតមានទ្បើងលើអ្នកបើកបរ និងអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយក៏បង្ហាញពីការកើនឡើងនៃការយល់ដឹងអំពីការពិន័យស្របច្បាប់ផ្សេងៗដែលទាក់ទងនឹងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សិស្សានុសិស្សជាច្រើនទៀតក៏បាននិយាយផងដែរថា ពួកគេដឹងពីប្រការផ្សេងៗដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងទំនាក់ទំនងរវាងការពិសាគ្រឿងស្រវឹង និងការប្រើអំពើហិង្សា ដែលកើនទ្បើងដល់ទៅ ១២% ។

 ទាក់ទិននឹងការទំនាក់ទំនងរបស់ពួកគេក្នុងពេលសព្វថ្ងៃជាមួយគ្រឿងស្រវឹង និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង សិស្សានុសិស្ស ៤៥% បានអះអាងថាពួកគេមិនពិសាគ្រឿងស្រវឹងទាល់តែសោះ។ ក្នុងចំណោមសិស្សដែលនិយាយថាពួកគេពិសាគ្រឿងស្រវឹង ៣៩% បាននិយាយថាគេមិនពិសាទ្បើយមុនពេលបើកបរ ហើយសិស្ស ៤៣% ទៀតបាននិយាយថាពួកគេហ៊ានធ្វើដំណើរតែជាមួយអ្នកបើកបរដែលមិនទទួលគ្រឿងស្រវឹងតែប៉ុណ្ណោះ។ លោកគ្រូ អ្នកគ្រូ ទាំងអស់បាននិយាយថា ពួកគាត់ពេញចិត្តកម្មវិធីផ្សាយផ្ទាល់នៃគម្រោង Smashed ដោយគិតថាវាមានប្រសិទ្ធភាព ហើយបានស្នើសុំឲ្យមានការរៀបចំកម្មវិធីនេះម្តងទៀតនៅសាលារៀនរបស់ពួកគាត់ផ្ទាល់នៅឆ្នាំក្រោយ ដឹកនាំដោយមជ្ឈមណ្ឌលសិល្បៈ Meta House Arts កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងដឹកជញ្ជូននិងក្រសួងអប់រំ។

 ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងគឺជា បុព្វហេតុដ៏ចំបងមួយ ដែលបណ្តាលឲ្យមានការប៉ះទង្គិច និងឧបទ្ទវហេតុនៅក្នុងប្រទេសកម្ពុជា ដែលគ្រោះថ្នាក់ចរាចរណ៍មានភាពធ្ងន់ធ្ងរច្រើនជាងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍ និងគ្រោះថ្នាក់គ្រាប់មីនរួមបញ្ចូលគ្នាដល់ទៅ ៩ ដងឯណោះ។ យោងតាមទិន្នន័យជាតិបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៥ មានមនុស្សជាង ២.២០០ នាក់បានស្លាប់បាត់បង់ជីវិត និងមានមនុស្សលើស ៥.៤០០ នាក់រងរបួសធ្ងន់ធ្ងរ ដោយសារការប៉ះទង្គិចគ្នារវាងយានជំនិះ និងទោចក្រយានយន្ត។ ជាពិសេស អ្នកបើកបរវ័យក្មេងអាចប្រឈមមុខនឹងហានិភ័យដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

 យុទ្ធនាការ DrinkSafe4KH របស់អង្គការ APIWSA ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងលើការបើកបរ គាំទ្រដល់កម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋកម្ពុជា។

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 830
Yesterday : 12891
This Month : 209866
Last Month : 436284
Total Visitor : 28164438