ព័ត៌មាន

កាលបរិច្ឆេទក្នុងការប្រកាសបង្ហាញនូវ Samsung Galaxy Z Fold3, Flip3 និង Watch 4 ត្រូវទម្លាយ

ស្មាតហ្វូន Samsung Galaxy Z Fold3 ដែលត្រូវគេរាយការណ៍ថាចាប់ផ្តើមផលិតទ្រង់ទ្រាយធំកាលពីសប្តាហ៍មុននេះមានពាក្យចចាមអារ៉ាមថានឹងប្រកាសបង្ហាញខ្លួននៅក្នុងខែកក្កដានេះ ប៉ុន្តេនៅក្នុងរបាយការណ៍ថ្មីនេះទម្លាយថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងថ្ងៃទី 27 ខែសីហានេះជាមួយនឹងស្មាតហ្វូន Galaxy Z Flip3 ។

image

ព័ត៌មាននេះចេញមកពីអ្នកទម្លាយព័ត៌មាន Jon Prosser ដែលអះអាងថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវនាឡិកា​ Galaxy Watch4 និង Watch Active4 មុនស្មាតហ្វូនទាំងពីរនេះគឺនៅថ្ងៃទី 11 ខែសីហានេះ។ លោក Prosser និយាយថា វានៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។

image

ខណៈពេលដែលយើងនៅមិនទាន់ដឹងព័ត៌មានណាមួយចេញពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះ លោក Max Weinbach ចេញពី Android Police បាននិយាយថា​ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Galaxy Z Fold3, Galaxy Z Flip3, Galaxy Watch4 និង Galaxy Watch Active4 នៅថ្ងៃទី 3 ខែសីហានេះ។ នៅក្នុងខែមីនានេះ អ្នកទម្លាយ Ice universe និយាយថា នាឡិកា​ Galaxy Watch4 និង Galaxy Watch Active4 នឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី 2 ឆ្នាំ 2021 នេះគឺនៅចន្លោះខែមេសា និងមិថុនានេះ ប៉ុន្តែរឿងនេះប្រហែលជាមិនពិតនោះទេ៕

image