ព័ត៌មាន

ប៉ូលិសសហរដ្ឋអាមេរិកបិទចោល Slilpp ដែលជាផ្សារលក់ទិន្នន័យ Logins ដ៏ធំបំផុតដែលហេគឃ័រលួចបាន

កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) និយាយថា ខ្លួនបានបិទចោលនូវហេដ្ឋារចនាសម្ព័ន្ធរបស់ផ្សារក្រោមដីដ៏ធំមួយនោះគឺ  “Slilpp” ដែលជាកន្លែងជួញដូរនូវទិន្នន័យ Login ដែលពួកហេគឃ័របានលួចបាន ហើយការបិទចោលនេះគឺជាផ្នែកមួយនៃប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ។

image

នៅក្នុងប្រតិបត្តិការនេះ មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ និងចាប់ខ្លួននៅក្នុងផ្សារល្មើសច្បាប់នេះ។ ការបិទចោលនូវផ្សារជួញដូរដ៏ធំនេះគឺមានការចួលរួមពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ និងរ៉ូម៉ានី។ នៅក្នុងការចាប់ផ្តើមនូវប្រតិបត្តិការចាប់តាំងពីឆ្នាំ 2012 នេះ Slilpp គឺជាផ្សារជួញដូរលក់នូវគណនី Login អនឡាញរបស់ក្រុមហ៊ុនជាង 1400 នៅជុំវិញពិភពលោកដែលនៅទីនេះវាមានការលក់ដូរនូវ usernames, passwords ច្រើនជាង 80 លានគណនីដែលជាប្រភេទគណនីធនាគារ គណនីទូទាត់ប្រាក់អនឡាញ គណនីលេខទូរស័ព្ទ គណនីហាងទំនិញ និងគណនីអនឡាញជាច្រើនទៀតផងដែរ។​

image

ផ្អែកទៅលើទិន្នន័យរបាយការណ៍របស់ជនរងគ្រោះជាច្រើននោះ DoJ បាននិយាយថា ទិន្នន័យ login ដែលលក់នៅលើ Slilpp នេះគឺមានទឹកប្រាក់ច្រើនជាង 200 លានដុល្លារអាមេរិកនៅក្នុងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ក្រុមអនុវត្តច្បាប់នេះក៏កំពុងតែប្រយុទ្ធប្រឆាំងទៅនឹងក្រុមឧក្រិដ្ឋកម្មអ៊ីនធឺរណិតជាច្រើនដែលប្រើប្រាស់មេរោគ  TrickBot, Emotet និង ANoM ។ Slilpp គឺជាផ្សារក្រោមដីទី 3 ដែល DoJ បានបិទបន្ទាប់ពី xDedic (ខែមករា ឆ្នាំ 2019) និង DEER.IO (ខែមករា ឆ្នាំ 2021) ដែលជាកន្លែងលក់នូវគណនី login នេះ៕