ព័ត៌មាន

សមាជិករបស់ក្រុម​ FIN7 ត្រូវជាប់ពន្ធនាគាររយៈពេល 7 ឆ្នាំដោយសារតែការលួចព័ត៌មានកាតឥណទានពីអ្នកប្រើប្រាស់ជាច្រើនលាននាក់

ថ្មីៗនេះ សមាជិករបស់ក្រុមហេគដ៏ល្បីល្បាញ FIN7 ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល​7 ឆ្នាំពីបទការលួចនូវព័ត៌មានរបស់អ្នកប្រើប្រាស់ជាច្រើនលាននាក់ចេញពីកាតឥណទាន Credit Card និង Debit Card ។ លោក Andrii Kolpakov វ័យ 33 ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2018 នេះ ហើយលោកបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2019 នេះ។

image

នៅក្នុងឆ្នាំ 2020 នេះ លោក Kolpakov ត្រូវចោទប្រកាន់មួយករណីពាក់ព័ន្ធទៅនឹងការហេគទៅលើកុំព្យូទ័រ។ លោក Kolpakov ក៏ត្រូវតុលាការនៅក្នុងទីក្រុងវ៉ាស៊ីនតោនអោយបង់ទឹកប្រាក់ 2.5 លានដុល្លារអាមេរិកផងដែរ។ FIN7 ក៏មានឈ្មោះហៅថា Anunak, Carbanak Group និង Navigator Group ក៏ជាប់ពាក់ព័ន្ធទៅនឹងការចែកចាយមេរោគ malware ចាប់ពីឆ្នាំ 2015 នេះដើម្បីលួចទៅលើកាតឥណទានរបស់អ្នកប្រើប្រាស់ជាច្រើននៅក្នុងវិស័យភោជនីយដ្ឋាន វិស័យហ្គេម និងឧស្សាហកម្មបដិសណ្ឋារកិច្ចនៅក្នុងសហរដ្ឋអាមេរិក។

image

នៅក្នុងការវាយប្រហារនេះគឺបណ្តាលអោយមានការខាតបង់ទឹកប្រាក់ជាង 1 ពាន់លានដុល្លារអាមេរិក។ លោក Kolpakov គឺជាសមាជិកទី 2 នៅក្នុងក្រុម FIN7 ដែលត្រូវបានកាត់ទោសនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីដើមឆ្នាំនេះ។ នៅក្នុងខែមេសានេះ ជនជាតិអ៊ុយក្រែន Fedir Hladyr វ័យ 35 ឆ្នាំក៏ត្រូវបានជាប់ពន្ធនាគាររយៈពេល 10 ឆ្នាំដោយសារតែការវាយប្រហារ និងគ្រប់គ្រងទៅលើម៉ាស៊ីនរបស់ជនរងគ្រោះជាច្រើន៕