ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករទូទាំងប្រទេស

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជួបជុំដ៏រីករាយរវាងគណៈគ្រប់គ្រងរបស់សាមសុង ជាមួយនឹងអាជីវករលក់ដុំ លក់រាយនូវគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងភាពសប្បាយរីករាយដ៏អស្ចារ្យ។

កម្មវិធីនេះប្រព្រឹត្តិឡើងនៅសណ្ឋាគារណាហ្គាវើលដ៍១ ដោយមានការលេងល្បែងកម្សាន្តប្រជាប្រិយសប្បាយៗ ដូចជា ល្បែងបោះអង្គុញ ចាក់ប៉េងប៉ោង និងរបាំគោះអង្រែជាដើម។ ជាពិសេសជាមួយការស្រស់ស្រូបអាហារដ៏ឈ្ងុញ…ឆ្ងាញ់ជាច្រើនមុខ និងទស្សនាការតាំងបង្ហាញនូវផលិតផលជាច្រើនពីក្រុមហ៊ុន សាមសុង ថែមទៀតផង។

ស្របពេលគ្នានោះដែរ ក្រុមហ៊ុន សាមសុង ក៏បានដាក់សម្ពោធនូវផលិតផលថ្មីចុងក្រោយបង្អស់ផងដែរ គឺកំពូលទូរទស្សន៍សាមសុង Neo QLED ដ៏ថ្មីស្រឡាងដែលត្រូវបានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាត…ទាក់ទាញ…អេក្រង់ធំបំផុត និងមានសមត្ថភាពមុខងារជាច្រើនដូចជា៖

  1. កម្រិតរូបភាពច្បាស់ល្អឥតខ្ចោះ

Quantum mini LED៖ បញ្ចេញកម្រិតពណ៌ និងពន្លឺ ច្បាស់លម្អិតឥតខ្ចោះដូចពិតៗ

– ជម្រើសនៃកម្រិតរូបភាព Neo QLED 4K or 8K៖ ជាមួយបច្ចេកវិទ្យា 8K AI upscaling អាចធ្វើឱ្យកម្រិតរូបភាពឡើងដល់ 8K

  1. ការរចនាម៉ូតដ៏ប្រណិត:

Infinity one design and Infinity screen: ការរចនាដ៏ប្រណិតជាមួយរូបរាងស្ដើងស្អាតបំផុត

Infinity screen: ការរចនាអេក្រង់ស្អាតបំផុតស្ទើរតែគ្មានស្នាមគែម ដែលមានតែលើអេក្រង់ Neo QLED 8K តែមួយគត់

  1. មុខងារពិសេសៗនៃការបញ្ចេញសំឡេង:

Doby Atmos៖ ប្រព័ន្ធបញ្ចេញសំឡេងកាន់តែដូចពិតៗ ដូចយើងនៅក្នុងព្រឹត្តិការណ៍ផ្ទាល់

OTS Pro៖ ធ្វើឱ្យសំឡេងតួអង្គក្នុងកញ្ចក់ទូរទស្សន៍មានសំឡេងកាន់តែដូចពិតៗ

Adaptive sound pro៖ ជាមួយបច្ចេកវិទ្យា AI ធ្វើឱ្យការចាប់យក និងវិភាគសំឡេងរបស់ឈុតឆាក, ទីតាំង ស្របតាមសកម្មភាពជាក់ស្ដែងក្នុងកម្រិតសំឡេងយ៉ាងលម្អិតបំផុត

Q-symphony៖ ជាប្រព័ន្ធជំនួយសំឡេង ធ្វើឱ្យការបញ្ចេញសំឡេងកាន់តែមានភាពល្អឥតខ្ចោះ

ឆ្លៀតក្នុងឱកាសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីជួបជុំនេះឡើង គឺដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ និងដើម្បីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម ម្ចាស់អាជីវករ និង តំណាងចែកចាយលក់ដុំ លក់រាយ ទាំងអស់ដែលតែងតែគាំទ្រ និងជឿទុកចិត្តលើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិករបស់សាមសុង ហើយយើងនឹងបន្តនូវភាពជោគជ័យរបស់យើងជាបន្តបន្ទាប់ទៀត។”

តំណាងចែកចាយម្នាក់ក្នុងចំណោមតំណាងចែកចាយទាំងអស់ដែលចូលរួមក្នុងកម្មវិធីនោះ បានមានប្រសាសន៍ដែរថា “ខ្ញុំពិតជាមានក្ដីរំភើបរីករាយខ្លាំងមែនទែនសម្រាប់កម្មវិធីជួបជុំនៅក្នុងថ្ងៃនេះ។ ហើយខ្ញុំក៏សូមជូនពរដល់ក្រុមហ៊ុន សាមសុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឱ្យជួបតែភាពជោគជ័យ និងរីកចម្រើនជាលំដាប់ ពីព្រោះក្រុមហ៊ុន សាមសុង ជោគជ័យ គ្រប់អាជីករទាំងអស់ក៏ទទួលបាននូវភាពជោគជ័យដូចគ្នាផងដែរ។”

ជាចុងក្រោយក្រុមហ៊ុន សាមសុង ក៏ប្ដេជ្ញាចិត្តថានឹងខិតខំធ្វើយ៉ាងណាដើម្បីបង្កើនគុណភាពផលិតផលឱ្យ កាន់តែរឹងមាំ…លេចធ្លោ…និងទានសម័យជាងមុនទៅទៀត និងផ្ដល់នូវភាពងាយស្រួលគ្រប់តម្រូវការទាំង អស់របស់អតិថិជន និងអ្នកប្រើប្រាស់ទូទាំងពិភពលោក។

បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់សកម្មភាពក្នុងគោលបំណង ដើម្បីគាំទ្រឲ្យក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *