នាពេលបច្ចុប្បន្ននេះ ស្លាកសញ្ញាទូរសព្ទ័ និងថេប្លេតដែលមានឈ្មោះល្បីល្បាញ និងឈានមុខគេនៅលើទីផ្សារពិភពលោកនោះគឺមានតែពីរគត់ គឺ Apple និង Samsung។ ក្រុមហ៊ុនទាំងពីរនេះបានខិតខំចំណាយញើសឈាម និងបើកកិច្ចសិក្សាស្រាវជ្រាវច្រើនណាស់ ហើយចំណូលដែលហូរចូលក្នុងក្រុមហ៊ុនក្នុងមួយត្រីមាសៗ គឺវាមានទំហំច្រើនអណេក ខណៈពេលក្រុមហ៊ុនទូរស័ព្ទដទៃដែលខិតខំរកប្រាក់ចំណូលដើម្បីតែរស់ ប៉ុណ្ណោះ។ ប៉ុន្តែនៅរយៈពេលមួយឆ្នាំចុងក្រោយនេះ Samsung ចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួលប៉ុន្មានទេ ដោយសារមានក្រុមហ៊ុនទូរស័ព្ទចិនមួយ អាចផលិតទូរស័ព្ទដែលមានគុណភាពខ្ពស់ដែរ រឺឯតម្លៃវិញគឺធូរថ្លៃខ្លាំងណាស់។
ស្មាតហ្វូនម៉ូឌែល Xiaomi ដែលវាគឺជាម៉ូឌែលស្មាតហ្វូនស្ថិតនៅលំដាប់កំពូលមួយ និងលក់ដាច់បំផុតនៅប្រទេសចិន។ តួយ៉ាងដូចជាម៉ូឌែល Xiaomi Mi3 ជាដើម ដែលវាប្រើប្រាស់ស៊ីភីយូប្រភេទ Snapdragon 800 quad-core ល្បឿន 2.3Ghz រ៉េមទំហំ 2GB អេក្រង់ទំហំទំហំ 5អ៊ីញ កម្រិតភាពច្បាស់ 1080×1920 កាមេរ៉ា 13 មេហ្គាភិចសែល ប៉ុន្តែតម្លៃរបស់វាវិញគឺត្រឹមតែ 330$ តែប៉ុណ្ណោះ។
គោលដៅចំបងរបស់ក្រុមហ៊ុន Xiaomi នោះគឺខ្លួននឹងបង្កើតស្មាតហ្វូនដែលមានតម្លៃទាប ប៉ុន្តែមានលក្ខណៈសម្បត្តិខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរស័ព្ទធំៗបាន។ អ្វីដែលយើងសំគាល់ឃើញពីលក្ខណៈពិសេសរបស់ទូរស័ព្ទ Xiaomi នោះគឺវាប្រើប្រាស់ស៊ីភីយូប្រភេទ Snapdragon ដែលជាស៊ីភីយូមានគុណភាពល្អបំផុតសម្រាប់ស្មាតហ្វូននាពេល បច្ចុប្បន្ននេះ។ នៅឆ្នាំមុន ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនរបស់ខ្លួនទៅកាន់ក្រៅស្រុកបានចំនួន 20លានគ្រឿង ហើយសម្រាប់ឆ្នាំនេះវិញ វាអាចនឹងកើនឡើងដល់ 40 លានគ្រឿង។
នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនរបស់ Xiaomi បានចរាចរណ៍លក់នៅក្នុងប្រទេសចិន ហុងកុង តៃវ៉ាន់ និងសឹង្ហបុរីតែប៉ុណ្ណោះ ប៉ុន្តែបើយោងទៅតាមសម្តីស្ថាបនិករបស់ Xiaomi បានអោយដឹងថា ខ្លួននឹងពង្រីកទីផ្សាររបស់ខ្លួនជាលក្ខណៈសកលតែម្តង។ នៅក្នុងឆ្នាំនេះ Xiaomi នឹងនាំយកស្មាតហ្វូនរបស់ខ្លួនទៅលក់ជាលក្ខណៈផ្លូវការនៅប្រទេស ចំនួនដប់ទៀតដែលមានដូចជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហ្វីលីពីន, ថៃ, វៀតណាម, រុស្ស៊ី, តួគី, ប្រ៊េស៊ីល និងម៉ិចសិចកូ។ ក្នុងចំណោមទីផ្សារថ្មីៗទាំងដប់នេះ យើងសង្កេតឃើញថាមិនមានប្រទេស កូរ៉េ និង សហរដ្ឋអាមេរិចនោះទេ ហើយវាអាចមកពី Xiamoi មិនទាន់ចង់លូកលាន់ទីផ្សាររបស់ Samsung និង Apple ផងក៏មិនដឹង។