smartwatch ឬ នាឡិកាទំនើប គឺជាឧបករណ៍ចល័តដែលមានមុខងារនិងសមត្ថភាពច្រើនជាងនាឡិកាធម្មតា ព្រោះថាវាអាចបំពេញមុខងារមួយចំនួនរបស់ទូរស័ព្ទទំនើប ហើយបច្ចុប្បន្នគេសង្កេតឃើញថាក្រុមហ៊ុនអេឡិចត្រូនិកធំៗដូចជា Samsung និង Sony ជាដើម បានបញ្ចេញលក់ទៅលើទីផ្សាររួចហើយនូវនាឡិកាទំនើបរបស់ពួកគេ ។
ដោយឡែក Apple ដែលជាក្រុមហ៊ុនអេឡិកត្រូនិកខ្នាតយក្សរបស់សហរដ្ឋ មិនទាន់បានបញ្ចេញនូវនាឡិកាទំនើបរបស់ខ្លួននោះទេ ប៉ុន្តែនៅខណៈដែល Apple មិនទាន់បានចេញមុខបញ្ជាក់ជាផ្លូវការថានឹងប្រកាសចេញនូវនាឡិការបស់ខ្លួននៅកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយនោះ ពាក្យចចាមអារ៉ាម និងសេចក្ដីសន្និដ្ឋានជាច្រើនចេះតែចេញជាបន្ដបន្ទាប់នៅតាមបណ្ដាញអ៊ីនធឺណិត ។ ជាក់ស្ដែងសម្រាប់ខែធ្នូនេះមានសេចក្ដីរាយការណ៍ថ្មីមួយថា ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញជាផ្លូវការនូវ ទូរស័ព្ទទំនើប iPhone 6 និង នាឡិកាទំនើប iWatch នៅក្នុងខែតុលា ឆ្នាំ២០១៤ ។
ប្រភពដដែលនេះបានបន្ដទៀតថា iWatch នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា wireless charging (បញ្ចូល ឬសាកថ្មដោយឥតប្រើខ្សែ) ។ ប្រភពខាងលើក៏បន្ថែមទៀតដែរថា iWatch នឹងមានថាមពលថ្ម 100mAh (តិចជាង Galaxy Gear ដែលមានថាមពលថ្ម 350mAh ឬរយៈពេល ២៥ ម៉ោង) ។ សូមបញ្ជាក់ថានៅពេលបច្ចុប្បន្ននេះមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន Apple កំពុងតែធ្វើការសាកល្បងទៅលើគំរូ iWatch ចំនួនពីរម៉ូដែល ប៉ុន្តែគំរូទាំងនោះមិនត្រូវបានបញ្ចេញឲ្យឃើញនោះ ដូច្នេះសូមប្រិយមិត្តពិនិត្យគំរូ iWatch ដែលត្រូវបានរចនាឡើងតាមការស្រមៃរបស់អ្នករចនាមួយចំនួនដែលមិនមែនធ្វើការក្នុងក្រុមអ្នករចនារបស់ Apple ។